Sunday, March 1, 2015

​វិនាសកម្មធម្មជាតិ និងរ៉ែ ​ក្រោម​រូបភាព​”​សិក្សា​-​ស្វែង​រុករក​”​របស់​ក្រុមហ៊ុន​ឯកជន​

 Posted by DTN7 on March 1, 2015 
អស់រយៈពេលច្រើនឆ្នាំមកហើយ ក្រសួងរ៉ែ និងថាមពល (អតីតក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល) ដែលមានឯកឧត្តម ស៊ុយ សែម ជារដ្ឋមន្ត្រី ធ្លាប់ បានចេញអាជ្ញាប័ណ្ណស្វែងរុករកធនធានរ៉ែធម្មជាតិកម្ពុជា ទៅឲ្យក្រុមហ៊ុនឯកជន យ៉ាងច្រើន ជាពិសេសក្រុមហ៊ុនចិន ទន្ទឹមនឹងមជ្ឈដ្ឋាននានា បានសម្តែងនូវការ សង្ស័យថា ធនធានរ៉ែធម្មជាតិទាំងនោះរងការបាត់បង់ និងវិនាសហិនហោច នៅក្នុងដំណាក់កាលស្វែងរុករក ក្រោមរូបភាព "សិក្សា" របស់ក្រុមហ៊ុនឯកជន ទាំងនោះឯង មុនឈានដល់ដំណាក់កាលធ្វើ អាជីវកម្ម ពិតប្រាកដ ខណៈ រដ្ឋទទួលបានចំណូលប្រមាណ១១.៥០០.០០០រៀលពីក្រុមហ៊ុននីមួយៗ ដែល បានស្នើ សុំអាជ្ញាប័ណ្ណស្វែងរុករកធនធានរ៉ែជំហានដំបូង ។ 
ប្រភពព័ត៌មានក្បែរក្រសួងរ៉ែ និងថាមពល បានបង្ហើប ប្រាប់ឲ្យដឹងថា មាន ក្រុមហ៊ុនចិនជាច្រើន បានចំណាយប្រាក់ ដើម្បីសុំអាជ្ញាប័ណ្ណស្វែងរុករក ធនធានរ៉ែ នៅកម្ពុជាពីក្រសួងរ៉ែនិងថាមពល ហើយនៅពេលក្រុមហ៊ុនរុករក ឃើញធនធានរ៉ែ ក៏បានស្នើសុំយក សំណាកទៅពិសោធន៍នៅប្រទេសចិន ក្រោមរូបភាព"សិក្សា" ដែលសំណាករ៉ែទាំងនោះ មិនត្រូវបាន ត្រួតពិនិត្យ នូវបរិមាណដឹកជញ្ជូនចេញ ឲ្យល្អិតល្អន់ទេ ដ្បិតក្រុមហ៊ុនបានចំណាយលុយ កាក់សូកប៉ាន់ ឲ្យទៅពួកមន្ត្រីពុករលួយជាប្រចាំ ។ ក្រៅពីបានដឹកជញ្ជូនរ៉ែ ចេញអស់ហើយ បណ្តាក្រុមហ៊ុនទាំងនោះ ប្រើល្បិចកលប្រកាសថា មិនអាចធ្វើ អាជីវកម្ម បានឡើយ (Sic!) ។ មានន័យថា រ៉ែក៏អស់ និងប្រាក់ចំណូលពីអាជ្ញាប័ណ្ណ កែច្នៃ និង អាជ្ញាប័ណ្ណ អាជីវកម្មធនធានរ៉ែ ទាំងរូបភាពសិប្បកម្ម ទាំងរូបភាពឧស្សាហកម្មក៏អត់ គឺបានត្រឹមទទួលបានប្រាក់ចំណូល ពីអាជ្ញាប័ណ្ណ ស្វែងរុករកបន្តិចបន្តួចប៉ុណ្ណោះ ។ 

ថ្មីៗកន្លងទៅនេះ ប្រធានបទគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដោយ ក្រុមហ៊ុនចិនមួយឈ្មោះ SHYNOHYDRO POWER នៅតំបន់អារ៉ែង ខេត្ត កោះកុង ត្រូវបានលើកយកមកនិយាយយ៉ាងក្តៅគគុក បន្ទាប់ពីរាជរដ្ឋាភិបាល បានចាប់ខ្លួនបណ្តេញជនជាតិអេស្ប៉ាញម្នាក់ឈ្មោះ Alejandro Gonzalez Davidson ជាអនុប្រធាន អង្គការមាតាធម្មជាតិ និងជាសកម្មជនការពារធនធាន ធម្មជាតិកម្ពុជានៅតំបន់អារ៉ែង ចេញពី ប្រទេស កម្ពុជាយ៉ាងតក់ក្រហល់ កាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ទោះបីមានការជួយអន្តរាគមន៍ ពី ថ្នាក់ដឹកនាំ គណបក្សនយោបាយប្រឆាំងមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ សុំឲ្យ មានការបន្ត ទិដ្ឋាការដល់លោក Alejandro Gonzalez Davidson បានស្នាក់នៅ ប្រទេសកម្ពុជាតទៅទៀតក៏ដោយ ។ មិនតែប៉ុណ្ណោះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានធ្វើការព្រមានប្រើអាវុធធុនកាំជ្រួចហ្វូង(BM-21) បង្ក្រាបទៅលើ សកម្មជន ការពារធនធានធម្មជាតិ តំបន់អារ៉ែងថែមទៀត ដោយចោទប្រកាន់ថា ក្រុមសកម្មជនធនធានធម្មជាតិ ទាំងនោះ ចង់បង្កើតតំបន់ អបគមន៍នៅតំបន់អារ៉ែង (Resic!) ។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនចិននៅតំបន់អារ៉ែងនោះ បុរសខ្លាំងជានាយក រដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ថា គ្មានការអភិវឌ្ឍន៍សាងសង់ទំនប់វារីអគ្គិសនី នៅតំបន់អារ៉ែង ក្នុងអាណត្តិនេះទេ ខណៈបុរសខ្លាំងបានបញ្ជាក់ដែរថា រង់ចាំឲ្យមានការសិក្សា លម្អិតសិន ។

មជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងកិច្ចការសង្គមនៅកម្ពុជា បានសម្តែងនូវការព្រួយបារម្ភថា ធនធានព្រៃឈើធម្មជាតិ នៅតំបន់អារ៉ែង ដែលជាតំបន់ព្រៃឈើចុងក្រោយនៅកម្ពុជា អាចប្រឈមនឹងការ កាប់បំផ្លាញ ឲ្យវិនាសហិនហោចនៅក្រោមរូបភាព"សិក្សា"របស់ក្រុមហ៊ុនចិន ក្នុងគម្រោង សាងសង់ទំនប់ វារីអគ្គិសនី ស្រដៀងគ្នានឹងការបាត់បង់ធនធានរ៉ែក្រោមរូបភាព "ស្វែងរុករក" ដូច្នោះដែរ ។

អារ៉ែងឋិតនៅក្នុងតំបន់ព្រៃការពារជួរភ្នំក្រវាញភាគកណ្តាល ជាតំបន់ព្រៃធំ ជាងគេ នៅអាស៊ីអាគ្នេយ៍ លាតសន្ធឹងទំហំប្រមាណ ៤៦០.០០០ហិកតា គ្របដណ្តប់លើឃុំចំនួន ៣ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង និងមានជនជាតិភាគ តិចជង ជាង ១.៣០០នាក់រស់នៅទីនោះ ដោយអាស្រ័យផលចិញ្ចឹមជីវិត ពីការ ទាញយកអនុផលព្រៃឈើ តាមវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ដូនតារបស់ ពួកគេ ៕ 









No comments: