សម្ដេចក្រុមព្រះចោទមេដឹកនាំបក្សប្រឆាំងថាមានជំហរសាធារណរដ្ឋនិយម
ដោយ វណ្ណ វិចារ
2014-03-16
2014-03-16
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ រិះគន់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិ មិនអើពើចំពោះការការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រនិងរបបរាជានិយមឡើយ ហើយមេដឹកនាំគណបក្សនេះ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតដោះស្រាយបញ្ហាលំបាកប្រឈមរបស់ជាតិ។

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបន្ទូលទៅកាន់ក្រុមអ្នកកាសែតក្នុងពិធីប្រកាសយាងចូលប្រឡូកក្នុងឆាកនយោបាយជាផ្លូវការ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នារាជធានីភ្នំពេញ។
RFA/Van Vichar
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបន្ទូលថា ប្រជាពលរដ្ឋកម្ពុជា កំពុងរងទុក្ខវេទនាដោយសារតែតុលាការមិនយុត្តិធម៌ ការរំលោភបំពានដីធ្លី និងមិនគ្មាននីតិរដ្ឋពិតប្រាកដ។ ហេតុនេះអ្នកនយោបាយទាំងអស់ត្រូវរួមគ្នាកែសង្គមកម្ពុជា មិនមែនប្រកួតគ្នាយកអំណាចរៀងៗខ្លួនទេ។
ព្រះអង្គរំលឹកថា កាលពីទ្រង់នៅកាន់ការជានាយករដ្ឋមន្ត្រីទី១ ព្រះអង្គមិនធ្លាប់បានរឹបអូសយកដីរាស្ត្រមួយចំអាមឡើយ ហើយព្រះអង្គវិលត្រឡប់ចូលមកធ្វើនយោបាយលើកនេះវិញ ក៏មិនមែនមកធ្វើតាមការបញ្ជារបស់អ្នកណាមួយទេ រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងទៅ។ ព្រះអង្គបញ្ជាក់ថា ទាំងលោក សម រង្ស៉ី និងលោក កឹម សុខា មិនមានជំហរគាំទ្ររាជានិយមនោះឡើយ។
«សំឡេង»
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការយាងចូលឆាកនយោបាយរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។ លោកយល់ថា ប្រជាពលរដ្ឋខ្មែរភាគច្រើនក៏មិនជឿលើការដឹកនាំនយោបាយរបស់ព្រះអង្គដែរ ហើយគណបក្សសង្គ្រោះជាតិ ប្ដេជ្ញាគោរពរដ្ឋធម្មនុញ្ញដែលចែងយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
«សំឡេង»
កាលពីមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ កន្លងទៅ មានព័ត៌មានក្រៅផ្លូវការខ្លះបានអះអាងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបំណងយាងចូលឆាកនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែព្រះអង្គត្រូវបានគណបក្សកាន់អំណាចរារាំងមិនឲ្យចូលនយោបាយក្រោមហេតុផលបន្ថយកម្លាំងបក្សប្រឆាំង។ ទោះយ៉ាងណា ទាំងព្រះអង្គ ទាំងបក្សប្រឆាំង និងបក្សកាន់អំណាច សុទ្ធតែមិនបញ្ជាក់ថា បញ្ហានេះពិតឬក៏យ៉ាងណាទេ។
ចំពោះការចោទប្រកាន់ថា បក្សសង្គ្រោះជាតិ មានជំហរសាធារណរដ្ឋនិយមនេះ គឺប្រហាក់ប្រហែលនឹងសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល ដែលបានចោទប្រកាន់ជាបន្តបន្ទាប់ថា បក្សប្រឆាំងមិនគោរពព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានប្រកាសចូលឆាកនយោបាយជាថ្មីក្នុងពេលដែលកម្ពុជា មានវិបត្តិនយោបាយ។ ព្រះអង្គធ្លាប់ធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី១ ធ្លាប់ធ្វើជាប្រធានរដ្ឋសភា និងធ្លាក់អំណាចបន្ទាប់ពីគូប្រកួតប្រជែងគឺគណបក្សប្រជាជនកម្ពុជា វាយបំបែកផ្ទៃក្នុង។ ព្រះអង្គបានសរសេរក្នុងសៀវភៅរបស់ព្រះអង្គដែលចែកជូនអ្នកកាសែតថា ពលរដ្ឋខ្មែរ និងព្រះកាយព្រះអង្គសុទ្ធតែជាអ្នករងទុក្ខដោយសារតុលាការអយុត្តិធម៌។
អ្នកជំនាញផ្នែកនយោបាយមួយចំនួនវិភាគថា ការយាងចូលប្រឡូកនយោបាយរបស់ព្រះអង្គ អាចជាការចូលរួមបំបែកសំឡេងគណបក្សប្រឆាំង ប៉ុន្តែព្រះអង្គមានបន្ទូលថា ព្រះអង្គមិនបានទទួលការឧបត្ថម្ភពីលោក ហ៊ុន សែន សូម្បីតែ១រៀលឡើយ ហើយព្រះអង្គត្រៀមរួចជាស្រេចដើម្បីធ្វើជាគូប្រជែងនយោបាយទាំងជាមួយលោក ហ៊ុន សែន និងបក្សប្រឆាំង។ គណបក្សនយោបាយថ្មីរបស់សម្ដេចក្រុមព្រះមានឈ្មោះថា គណបក្ស “សង្គមរាស្ត្ររាជាធិបតេយ្យ”៕
No comments:
Post a Comment