Sunday, February 2, 2014

ប្អូន​ប្រុស​របស់​មេ​បក្ស​ប្រឆាំង​ត្រូវ​បាន​រដ្ឋាភិបាល​ដំឡើង​ឋានៈ (អ្នកចេះជេរ ចេះក្បត់សាច់ឈាមឯង បក្សប្រជាជនយួននឹងលើកតំកើងជានិច្ច)

ប្រភព៖ ភ្នំពេញបុស្តិ៍
FRIDAY, 31 JANUARY 2014
មាស សុខ
ជា
ភ្នំពេញៈ ឧត្តមសេនីយ៍​ផ្កាយ​ពីរ​នៃ​ក្រសួង មហាផ្ទៃ លោក កឹម សុខុន ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ដំឡើង​ឋានៈ ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង ពាណិជ្ជកម្ម ខណៈ​ពេល​ដែល​គាត់​ត្រូវ​បាន​តែង​តាំង​ផង​ដែរ ជា​ទីប្រឹក្សា​រដ្ឋាភិបាល របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​មាន​ឋានៈ​ស្មើ​រដ្ឋ​មន្រ្តី។
អ្នក​នាំ​ពាក្យ​ក្រសួង ពាណិជ្ជកម្ម​លោក កែន រដ្ឋា បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា លោក កឹម សុខុន ប្អូន​ប្រុស​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង ពាណិជ្ជកម្ម។ ទោះ​យ៉ាង​ណា​ក្តី លោក រដ្ឋា បាន​ថ្លែង​ថា លោក សុខុន បាន​មក​ធ្វើ​ការ​នៅ​ក្រសួង ពាណិជ្ជកម្ម រយៈ​ពេល​ប្រហែល​មួយ​ខែ​ហើយ។

នៅ​ពេល​ទាក់ទង​កាល​ពី​ម្សិលមិញ លោក កឹម សុខុន បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​តែងតាំង​ជា​អនុ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង ពាណិជ្ជកម្ម​កាល​ពី​ខែ​មុន ហើយ​តំណែង​របស់​លោក​ជា​ឧត្តម​សេនីយ៍ទោ អនុ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួង មហាផ្ទៃ ត្រូវ​បាន​ព្យួរ។ លោក សុខុន មិន​បាន​បញ្ជាក់​អំពី​មូល​ហេតុ​នៃ​ការ​តែង​តាំង​លោក​នោះ​ទេ។ លោក​គ្រាន់​តែ​និយាយ​ថា ការ​តែង​តាំង​នេះ​មិន​ធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល​ទេ ហើយ​លោក​មាន​អារម្មណ៍​ធម្មតា​ចំពោះ​ការ​ឡើង​កាន់​តំណែង​ជា​អនុ​រដ្ឋ​លេខាធិការ ដែល​ជា​តួនាទី​នយោបាយ។ លោក កឹម សុខុន ថ្លែង​បន្ត​ថា៖ «ការ​ផ្លាស់​ប្តូរ​ការងារ​គឺ​ធម្មតា។ យើង​គ្រាន់​តែ​ចូល​រួម​ជួយ​ប្រទេស​ជាតិ។ ខ្ញុំ​ត្រូវ​តែ​ព្យាយាម​ជួយ​ប្រទេស​ជាតិ​ឲ្យ​ប្រសើរ​ជាង​មុន»។ លោក​បន្ថែម​ថា តំណែង​របស់​លោក​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​មិន​ប៉ះពាល់​ជាមួយ​តំណែង​ថ្មី​នេះ​ទេ ហើយ​លោក​អាច​កាន់​តួនាទី​ទាំង​ពីរ​សម្រាប់​រដ្ឋាភិបាល។
លោក កឹម សុខុន បាន​ចាក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី និង​បង​ប្រុស​របស់​លោក គឺ​លោក កឹម សុខា ចាប់​តាំង​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​មុន​ដើម្បី​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន របស់​លោក ហ៊ុន សែន។ នៅ​ពេល​លោក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន លោក​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ហើយ​បន្ទាប់​មក លោក​តែង​តែ​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​និង​បង​ប្រុស​របស់​លោក ដោយ​ថា កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​សន្យា​ដំឡើង​ប្រាក់​ខែ ១៥០ ដុល្លារ​សម្រាប់​កម្មករ និង ២៥០ ដុល្លារ​សម្រាប់​មន្រ្តី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​និង​ផ្តល់​ប្រាក់​ចំនួន ៤០ ០០០ រៀល​ក្នុង​មួយ​ខែ សម្រាប់​មនុស្ស​ចាស់​ដែល​មាន​អាយុ​ពី ៦៥ ឆ្នាំ​ឡើង​ទៅ​គឺជា​កម្មវិធី​នយោបាយ​ដែល​បោកប្រាស់។
លោក កឹម សុខុន បាន​ថ្លែង​ថា៖ «ខ្ញុំ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ខ្ញុំ​អាច​ជា​តំណាង​រាស្រ្ត។ តំណែង​ទី​មួយ​របស់​ខ្ញុំ​នៅ​ក្នុង​គណបក្ស​ប្រឆាំង​គឺ​អគ្គ​លេខាធិការ​រង ហើយ​ខ្ញុំ​ជា​ប្អូន​ប្រុស​របស់​មេ​បក្ស ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ជ្រើសរើស​ខេត្ត​ល្អ។ កណ្តាល តាកែវ ព្រៃវែង ខ្ញុំ​អាច​ឈរ​លេខ ១ ខ្ញុំ​អាច​ជាប់​ឆ្នោត ខ្ញុំ​អាច​មាន​ប្រាក់​ខែ ២០០០ ដុល្លារ»។ «ប៉ុន្តែ​យើង​ត្រូវ​គិត​អំពី​អត្ថ​ប្រយោជន៍​ជាតិ។ បើ​ខ្ញុំ​ជា​តំណាង​រាស្រ្ត ខ្ញុំ​មាន​ប្រាក់​ខែ ២០០០ ដុល្លារ ប៉ុន្តែ​ខ្ញុំ​មក​កុហក​លោក​យាយ លោក​តា នោះ​គ្មាន​ន័យ​ទេ»។
ពាក់ព័ន្ធ​នឹង​ការ​តែង​តាំង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ហៅ​ការ​តែង​តាំង​នេះ​ថា ជា​ទិកនិច​នយោបាយ​របស់​គណបក្ស​ប្រជាជន​ដើម្បី​ទាក់​ទាញ​សមាជិក របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​រួម​ជាមួយ​ពួក​គេ​ដែល​ទិចនិក​នេះ បាន​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​តាំង​ពី​ឆ្នាំ ១៩៩៣ រហូត​មក​បច្ចុប្បន្ន។
លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​ថា៖ «ប៉ុន្តែ​យើង​ជឿ​ជាក់​ថា មន្រ្តី និង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ក្បត់​ឧត្តម​គតិ​ទេ។ ខ្ញុំ​គ្រាន់​តែ​សោក​ស្តាយ​ថា រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់ កាត់​បន្ថយ​សមាជិក​រដ្ឋាភិបាល ប៉ុន្តែ​មិន​កាត់​បន្ថយ​បែរ​ជា​ចំនួន​សមាជិក​គឺ​នៅ​តែ​ច្រើន​ដដែល»៕ PS

No comments: