លោកព្រុំ សុខា (ខាងឆ្វេង) និងលោក សុន ឆ័យ ប្រធានក្រុមការងារគណបក្សទាំងពីរ (រូបថត តាំង វីដា)
ដោយ៖ តាំង វីដា | ថ្ងៃអង្គារ ទី18 ខែកុម្ភៈ ឆ្នាំ2014, ម៉ោង 04:32 PM VOD
ក្រុមការងារគណបក្សទាំងពីរ
បានព្រមព្រៀងគ្នាបង្កើត គណៈកម្មការចម្រុះ ដោយមានសមាស ភាពស្មើគ្នា
ដើម្បីរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ
ស្របតាមខ្លឹមសារកិច្ចព្រមព្រៀងនៃជំនួបកំពូលរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ
កាលពីថ្ងៃទី១៦ខែកញ្ញា។
ក្រោយជំនួបចរចា អស់ពេលជាងពីរម៉ោងកន្លះ លោក
សុន ឆ័យ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សទាំងពីរ
សម្រេចគ្នាជាឯកច្ឆន្ទរៀបចំនូវ យន្តការកែទម្រង់ការបោះឆ្នោតទៅថ្ងៃខាងមុខ
ដោយបង្កើតគណៈកម្មការចម្រុះ ដែលមានសមាសភាពស្មើគ្នា
មកពីគណបក្សមានអាសនៈក្នុងសភា។ លោកបន្តថា គណៈកម្មការចម្រុះនេះ
នឹងបំពេញការងាររបស់ខ្លួន មតិយោបល់ និងអានុសាសន៍ពីអង្គការសង្គមស៊ីវិលជាតិ
និងអន្តរជាតិ ព្រមទាំងប្រទេសដៃគូរអភិវឌ្ឍន៍នានា ដើម្បីកែលម្អច្បាប់
និងកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ «ខ្ញុំសូមបញ្ជាក់ថា
យើងដោះស្រាយតាមរយៈ គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា យើងមិនបានតាមដានទេ
តើខាងរាជរដ្ឋាភិបាលធ្វើអ្វី ប៉ុន្តែអ្វីដែលសំខាន់ ការព្រមព្រៀង
គ្នារវាងគណបក្សទាំងពីរថ្ងៃនេះ ជាមូលដ្ឋាន
ដើម្បីឆ្ពោះទៅរកទម្រង់ការងារបោះឆ្នោត»។
ដោយឡែក
សម្រាប់ការទាមទារឲ្យមានការបោះឆ្នោតឡើងវិញមុនអាណត្តិនោះ លោក សុន ឆ័យ អះអាងថា
មិនត្រូវបានលើកជារបៀបវារៈ មកពិភាក្សាក្នុងកិច្ចប្រជុំនៅព្រឹកនេះឡើយ។
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា មានប្រសាសន៍ដែរថា
ក្នុងក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតនេះ គណៈកម្មការចម្រុះ
នឹងរៀបចំឲ្យមានសិក្ខាសាលាថ្នាក់ជាតិ ដើម្បីបើកទូលាយឲ្យមានការចូលរួមយោបល់
និងអនុសាសន៍ពីប្រជាពលរដ្ឋ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ
ព្រមទាំងដៃគូរអភិវឌ្ឍន៍ ជុំវិញការកែលម្អការងារបោះឆ្នោត
ដើម្បីឈានទៅរកការបោះឆ្នោតមួយ ដែលមានភាពសេរី និងយុត្តិធម៌។ លោកបន្តថា
ក្នុងកិច្ចដំណើរការកែទម្រង់ការបោះឆ្នោត ក៏ត្រូវការគាំទ្រផ្នែកបច្ចេកទេស
និងថវិកាពីដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិផងដែរ
«ការកែទម្រង់ការបោះឆ្នោត តួអង្គពាក់ព័ន្ធច្រើនណាស់ ដូចខ្ញុំប្រើពាក្យថា
ក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត កាលណាក្រមខណ្ឌហ្នឹងទៅបានឃើញថា
តើយើងត្រូវធ្វើអ្វី ឧបមាថា ត្រូវធ្វើវិសោធនកម្ម ច្បាប់ដែលមានបច្ចុប្បន្ន
ត្រូវរៀបចំឲ្យមាននីតិវិធីថ្មី កិច្ចការអ្វីផ្សេងៗទៀត ដល់ពេលចេញអាហ្នឹងហើយ
បានដឹងថា តើអ្នកណាជាអ្នកធ្វើអាហ្នឹង»។
យ៉ាងណាក៏ដោយ លោក ព្រុំ សុខា
មិនបានបញ្ជាក់ពីការបរិច្ឆេទនៃការបង្កើតគណៈកម្មការចម្រុះ
និងការរៀបចំសិក្ខាសាលាថ្នាក់ជាតិ នៅឡើយទេ
ប៉ុន្តែលោកថានឹងរៀបចំនៅពេលឆាប់ៗខាងមុខនេះ។
អ្នកវិភាគនយោបាយ
លោកបណ្ឌិត សុខ ទូច យល់ថា កិច្ចប្រជុំលើកនេះ
ជាសញ្ញាណវិជ្ជមាននៃការខិតចូលគ្នារបស់គណបក្សទាំងពីរ។
លោកចាត់ទុកលទ្ធផលនៃកិច្ចប្រជុំនេះ
ថាជាការកិច្ចព្រមព្រៀងតែលើនីតិវិធីតែប៉ុណ្ណោះ ហើយឧបសគ្គ
អាចកើតឡើងមានសម្រាប់កិច្ចប្រជុំលើកក្រោយៗ
ពាក់ព័ន្ធរបៀបវារៈរបស់គណបក្សសង្គ្រោះជាតិ មុននឹងឈានដល់ការចូលប្រជុំសភា
«បីបួនចំនុចហ្នឹង ថាតើគណបក្សទាំងពីរ យល់ព្រមទៅលើកិច្ចការអ្វីខ្លះ
ក្រោយមកត្រូវតែចូលសភា ក្នុងការធ្វើវិសោធនកម្ម ប៉ុន្តែឲ្យយល់ព្រម
របៀបវារៈនយោបាយថា ពេលដែលគាត់ចូលទៅ របៀបវារៈនយោបាយអ្វីដែលយល់ព្រមគ្នាហ្នឹង»។
សម្រាប់ លោក ហង្ស ពុទ្ធា នាយកប្រត្តិបត្តិអង្គការនិចហ្វិច
និងជាអ្នកតាមដានបញ្ហានយោបាយ យល់ថា នេះជាលទ្ធផលវិជ្ជមានបឋម
ដែលអាចជាសញ្ញាណជំរុញឲ្យថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ
ពិចារណាចូលតុចរចាជាថ្មី តែការដោះស្រាយបញ្ហាទាំងស្រុង
គឺអាស្រ័យលើឆន្ទៈរបស់អ្នកនយោបាយផ្ទាល់ «ពាក្យហ្នឹង គេមិនយកទៅធ្វើអ្វីទៀតទេ
ប៉ុន្តែគេហ្នឹងយកទៅធ្វើអ្វីទៀតប្រសិនបើ ការចរចាហ្នឹងធ្វើឲ្យបាត់បង់
ផលប្រយោជន៍របស់គណបក្សខ្លួនឯង ឬក៏ចង់បន្តូចបង្គាប់ចំពោះលទ្ធផលនៃការចរចា»។
ក្រុមការងារបច្ចេកទេសគណបក្សនយោបាយទាំងពីរ បានជួបចរចាបិទទ្វារពីរលើក
កាលពីខែកញ្ញា និងដើមខែវិច្ឆិកា នៅមន្ទីររដ្ឋសភា ប៉ុន្តែ
មិនបានទទួលលទ្ធផលផ្លែផ្កាអ្វីទ្បើយ ដោយសារគណបក្សប្រជាជនកម្ពុជា
បដិសេធការទាមទាររបស់គណបក្សសង្គ្រោះជាតិ
ឲ្យបង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ សម្រាប់កិច្ចប្រជុំលើកនេះ
ក្រុមការងារគណបក្សទាំងពីរ នឹងរាយការណ៍ពីលទ្ធផលជំនួបនេះ
ជូនដល់ថ្នាក់ដឹកនាំកំពូលនៃគណបក្សរៀងៗខ្លួន ហើយរំពឹងថា
ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរនេះ
នឹងជួបចរចាគ្នាជាថ្មីទៀតក្នុងពេលឆាប់ៗនេះ៕
សរសេរមកកាន់លោកតាំង វីដា តាមរយៈ vida@vodhotnews.com
No comments:
Post a Comment