Sunday, February 2, 2014

ច្បាប់គឺអញ!

តាមរយៈរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ប្រទេសកម្ពុជាប្រកាន់របបប្រជា ធិបតេយ្យ រាជានិយម សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ រួមមាន បួនអំណាចធំៗ ៖ អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ អំណាចតុលាការ និង អំណាចសារព័ត៌មាន។ អំណាចនីតិប្រតិបត្តិ ជាអំណាចអនុវត្តច្បាប់, អំណាចនីតិបញ្ញត្តិ ជាអំណាចអនុម័ត/រៀបចំច្បាប់, អំណាចតុលាការ ជាអំណាចវិនិច្ឆ័យបុគ្គលតាមច្បាប់, អំណាចសារព័ត៌មាន ជាអំណាចបញ្ចេញមតិ។ អំណាចនីតិប្រតិបត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋាភិបាល ដែលមាននាយករដ្ឋមន្ត្រីមួយរូប ជាអ្នកដឹកនាំរដ្ឋាភិបាល សេរីពហុបក្ស។ រដ្ឋាភិបាលរួមមានរដ្ឋមន្ត្រីគ្រប់ក្រសួង និងឧបនាយករដ្ឋមន្ត្រី ច្រើនរូប។ នាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ និង ដោយមានការផ្តល់យោបល់/ឯកភាពពីរដ្ឋសភា។ នាយករដ្ឋមន្ត្រី និង គ្រប់មន្ត្រីក្រសួងក្រោមឱវាទ មានតួនាទីអនុវត្តច្បាប់ (នីតិប្រតិបត្តិ) ដោយចេញជាក្រឹត្យ អនុក្រឹត្យផ្សេងៗ ដើម្បីឲ្យបុគ្គលគ្រប់រូបអនុវត្តតាម។ អំណាចនីតិបញ្ញត្តិ ស្ថិតនៅក្រោមការអនុវត្ត របស់រដ្ឋសភា និង ព្រឹទ្ធសភា។ ស្ថាប័នទាំងពីរនេះ មានតួនាទីពិនិត្យ និងសម្រេចអនុម័តច្បាប់ និង តាមដានរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ ។ រដ្ឋសភា មានសិទ្ធិកោះហៅ នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីគ្រប់ក្រសួង មកបង្ហាញមុខនៅរដ្ឋសភា ដើម្បីឆ្លើយសំណួររបស់តំណាងរាស្រ្ត ជាសមាជិករបស់រដ្ឋសភា។ អំណាចតុលាការ ឋិតនៅក្រោមការអនុវត្ត របស់អង្គចៅក្រម។ អង្គចៅក្រម តែងតាំងដោយព្រះមហាក្សត្រ។ អង្គចៅក្រម មានតួនាទីកាត់ក្តីគ្រប់បុគ្គលតាមច្បាប់ ក្នុងនោះកាត់ក្តីទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទៀតផង។ អំណាចសារព័ត៌មាន ជាអំណាចរបស់មហាជន ឋិតនៅក្រោមស្ថាប័នបណ្តាញព័ត៌មាន ក្នុងនោះមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មាន ...។ ស្ថាប័ននេះមានភារកិច្ចតាមឃ្លាំមើល គ្រប់សកម្មភាព របស់អំណាច ទាំងបីខាងលើ ដើម្បីជាទុនកែតម្រង់ឲ្យដើរតាមគន្លងច្បាប់ដែលបានចែង។ 


No comments: