Tuesday, February 25, 2014

ហ៊ុន សែន ព្រមាន​តបត​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​​



ដោយ៖​ ស៊ុន ណារិន​
ថ្ងៃអង្គារ ទី25 ខែកុម្ភៈ ឆ្នាំ2014
http://vodhotnews.com
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ ព្រមាន​តបត​នឹង​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដើម្បី​ជា​ការបង្ហាញ​សិទ្ធិ និង​ឆន្ទៈ​រាស្ត្រ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។
​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​អគ្គិសនី​ប្រើ​ដោយ​ថាមពល​ធ្យូង​ថ្ម នៅ​ខេត្ត​ព្រះសីហនុ លោក ហ៊ុន សែន មានប្រសាសន៍ អ្នកគាំទ្រ និង​អ្នកប្រឆាំង មាន​សិទ្ធិ​ដូចគ្នា​ក្នុងការ​ធ្វើ​បាតុកម្ម តែ​នាយករដ្ឋមន្ត្រី​ក្នុងនាម​ជា​អ្នកដឹកនាំ​ប្រទេស មាន​តួនាទី​ក្នុង​ការពារ និង​ធានា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។ លោក​បន្តថា គណបក្សប្រឆាំង តែងតែ​លើកឡើង​ពី​ឆន្ទៈ​របស់​រាស្ត្រ តែ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​ឆន្ទៈ​ផងដែរ​។​
​លោ​កនាន​យ​រដ្ឋមន្ត្រី ឲ្យដឹងទៀតថា  ការជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ នឹង​មាន​មនុស្ស​ពីរ​ក្រុម គឺ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង ហើយ​ការ​អនុញ្ញាត ឬ​មិន​អនុញ្ញាត គឺ​អាស្រ័យ​លើ​សាលា​រាជធានី​ភ្នំពេញ​។ លោក​បន្តថា រាជរដ្ឋាភិបាល មិន​បណ្តោយ​ឲ្យ​គណបក្ស​ប្រឆាំ​ង ធ្វើ​អ្វី​តាម​តែ​ចិត្ត​នោះទេ​។ លោក​បញ្ជាក់ថា លោក​មិន​សំណូមពរ​ឲ្យ​ពលរដ្ឋ​ធ្វើបាតុកម្ម​នោះទេ តែ​លោក​ក៏​មិន​ហាមឃាត់​សិទ្ធិ​ពលរដ្ឋ​ក្នុងការ​ធ្វើ​បាតុកម្ម​ដែរ​។​
​ការប្រកាស​បែប​នេះ ហាក់​បង្ហាញថា លោកនាយក​រដ្ឋមន្ត្រី បើក​ឲ្យមាន​ការធ្វើ​បាតុកម្ម​ឡើងវិញ បន្ទាប់​ពី​ការ​បំបែក​ការជួបជុំ​មនុស្ស ត្រូវបាន​ធ្វើឡើង​ជា​បន្ត​បន្ទាប់ និង​កំពុង​រង​ការរិះគន់​ពី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​។
​គួរបញ្ជាក់​ថា បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាតុកម្ម​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​បង្ក្រាប និង​ហាមឃាត់​៕

No comments: