Monday, February 24, 2014

​ក្រសួង​ការងារ​អំពាវនាវ​កម្មករ​-​កម្មាការិនី​កុំ​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​សហជីព​និង​សហគម​ទាំង​១៨

កម្មកររោងចក្រ ធ្វើកូដកម្មនៅមុខក្រសួងការងារ ដើម្បីស្នើសុំដំឡើងប្រាក់ខែគោល ១៦០$ នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)

ដោយ៖​ ជន ស្រី​ណុ​ច​ | ថ្ងៃចន្ទ ទី24 ខែកុម្ភៈ ឆ្នាំ2014 | 15 នាទី មុនVOD​

ក្រសួង​ការងារ​អំពាវនាវ​នៅ​ថ្ងៃ​ចន្ទ​នេះ ឲ្យ​កុំ​ឲ្យ​កម្មករ​-​កម្មការិនី ចូលរួម​ធ្វើ​កូដម្ម​ជាមួយ​សហជីព និង​សមាគម​ទាំង​១៨ ដែល​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់ និង​ដំឡើង​ប្រាក់​ឈ្នូលក​ម្មករ​ដល់​១៦០​ដុល្លារ ។​
ការអំពាវនាវ​នេះ​ធ្វើឡើង ស្រប​ពេល​ដែល​សហជីព និង​សមាគម​ចំនួន​១៨ ចែក​ខិត្តប័ណ្ណ ទៅ​ដល់​កម្មករ ដើម្បី​ចូលរួម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៤ ក្នុង​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​និយោជក​ដោះស្រាយ​បញ្ហា​ចំនួន​៧​ចំណុច ក្នុងនោះ សុំ​ឲ្យ​ដោះលែង​អ្នក​ទាំង​២១​នាក់ និង​សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ​ដល់​កម្មករ​។​
អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ប្រាប់ VOD នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​២៤ ខែ​កុម្ភៈ​នេះ​ថា កម្មករ-​កម្មការិនី​ទាំងអស់ គួរ​គិតគូរ ឬ​ពិចារណា​ឲ្យ​ច្បាស់ ដើម្បី​ប្រយោជន៍​ការងារ​របស់​ខ្លួន គឺ​មិន​ត្រូវ ចូលរួម​ធ្វើ​កូដកម្ម​អី​នោះទេ។ លោក​បន្តថា រឿង​ប្រាក់​ឈ្នូល​ក្រសួង​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ និង​សិក្សា​រក​ចំណុច​រួម​មួយ​ដើម្បី​ឲ្យ​កម្មករ ក៏ដូចជា​និយោជក​អាច​ទទួលយកបាន​ទាំងសងខាង ។​
ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា លោក ស មូ​រ៉ា មានប្រសាសន៍ថា ក្រសួង​តែងតែ​លើក​ពេល​ជានិច្ច ចំពោះ​កិច្ចការ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ ដោយ​មិន​មាន​ពេល​ណាមួយ​ជាក់លាក់​ទេ​។ លោក​បន្តថា ប្រសិនបើ​ក្រសួង​ដាក់​ពេលវេលា​ឲ្យ​ច្បាស់លាស់ សម្រាប់​ការចរចា​ប្រាក់​ឈ្នួល​កម្មករ នោះ​សហជីព​នឹង​ផ្អាក​ភ្លាម​។
ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ លោក​ប៉ាវ ស៊ីណា មានប្រសាសន៍ថា ក្រសួង​មិន​គួរ​អំពាវ​ឲ្យ​កម្មក​រមិន​ចូលរួម​ទាមទារ​ប្រាក់​ឈ្នួល​នោះទេ ព្រោះនេះ​ជា​សិទ្ធិ​របស់​ពួកគេ បើ​ក្រសួង​មិន​ចង់ឲ្យ​ពួកគេ​ចូលរួម​បាតុកម្ម​ទេ ក្រសួង​ត្រូវ​តែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ពួកគេ មិនមែន​ពន្យារ​ពេលរ​ហូត​បែបនេះ​ទេ​។ លោក​បន្តថា ការ​ដែល​ក្រសួង​លើកឡើងថា កំពុងតែ​ធ្វើ​ការសិក្សា​ទាក់ទង​នឹង​ប្រាក់​ឈ្នួល​កម្មករ គ្រាន់តែ​ជា​លេស​មួយ​ប៉ុណ្ណោះ ។​
មេដឹកនាំ​សហជីព និង​សហគម​ទាំង​១៨ កំពុងតែ​ធ្វើ​ការចែក​ខិត្តប័ណ្ណ ដោយ​អំពាវនាវ​ឲ្យ​កម្មករ​-​កម្មាការិនី​ចូល​ធ្វើ​កូដកម្ម​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា​ខាងមុខ​នេះ ដោយ​ពួកគេ​សង្ឃឹមថា នឹង​មាន​អ្នកចូលរួម លើសពី​២០​ម៉ឺន​នាក់ ៕
សូមសរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច តាមរយៈ chornsreynoch@vodhotnews.com​​

No comments: