សកម្មជនសិទ្ធិមនុស្ស និងដីធ្លី ៨ នាក់ ត្រូវបានសមត្ថកិច្ច ដោះលែងឲ្យមានសេរីភាពឡើងវិញ
RFA: ដោយ ថា កិត្យា, 2016-05-09, http://www.rfa.org/khmer/news/human-rights/arrest
សកម្មជនសិទ្ធិមនុស្សនិងដីធ្លី៨នាក់ ត្រូវបានសមត្ថកិច្ច ដោះលែងឲ្យមានសេរីភាពឡើងវិញហើយនៅថ្ងៃទី៩ ឧសភា បន្ទាប់ពីពួកគេត្រូវសមត្ថកិច្ចឃាត់ខ្លួនតាំងពីព្រឹកម៉ោងប្រមាណ ៩ ក្នុងពេលពួកគេចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងមន្រ្តី គ.ជ.ប ដែលកំពុងជាប់ឃុំ។
អ្នកទាំង៨ដែលត្រូវបានដោះលែងនោះ រួមមាននាយក ប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម នាយករងផ្នែកតស៊ូមតិនៃអង្គការលីកាដូ លោក ថាវ គឹមសាន និងពលរដ្ឋបុរីកីឡា អ្នកស្រី សរ ស៊ន មន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ (LICADHO) ជាជនបរទេស គឺកញ្ញា អាណា (Anna) លោក ម៉ាសៀស (Mathias) រួមនឹងសកម្មជនបឹងបក់៣នាក់ គឺលោកស្រី បូវ សោភា លោកស្រី គង់ ចន្ថា និងកញ្ញា សុង ស្រីលាភ។
នៅព្រឹកថ្ងៃទី៩ ឧសភា សមត្ថកិច្ចរដ្ឋាភិបាល បានឃាត់ខ្លួនមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋចំនួន៨នាក់ ហើយបានសាកសួរពួកគេតាំងពីម៉ោងប្រមាណ៩ព្រឹក រហូតដល់ម៉ោងប្រមាណ៧យប់។
មន្ត្រីសិទ្ធិមនុស្សដែលចូលរួមឃ្លាំមើលការទាមទារនោះ លើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងធ្លាក់ដល់ចំណុចធ្ងន់ធ្ងរ។ ទន្ទឹមគ្នានេះពួកគាត់ថា ទង្វើរបស់រដ្ឋាភិបាលហាក់ដូចជាបារម្ភជ្រុល ហើយថាការរារាំងរបស់សមត្ថកិច្ចរឹតតែធ្វើឲ្យស្ថានការណ៍តានតឹងកាន់ តែខ្លាំង។
ពួកគេបញ្ជាក់ថា បើគ្មានការរារាំងទេ ពលរដ្ឋនឹងត្រឡប់ទៅផ្ទះវិញ ព្រោះថាពលរដ្ឋក៏មិនចង់ឈរនៅក្រោមកម្ដៅថ្ងៃនោះដែរ។
ក្នុងសកម្មភាពប្រដាប់ដោយខែលរបស់សមត្ថកិច្ចរាប់ រយនាក់ បានដាក់កម្លាំងចំនួន៣គោលដៅ ដើម្បីរារាំងមិនឲ្យយុទ្ធនាការនេះហែក្បួនទៅកាន់ពន្ធនាគារព្រៃស បានឡើយ។ ចំណែកអភិបាលរងរាជធានីភ្នំពេញលោក ឃួង ស្រេង ថ្លែងប្រាប់អ្នកសារព៍ត៌មាន ថា ការដាក់កម្លាំងការពារនេះ ក្នុងគោលបំណងដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ទប់ស្កាត់នូវការមិនគោរពច្បាប់របស់ពួកអនាធិបតេយ្យ ឬជាការការពាររដ្ឋាភិបាលស្របច្បាប់ ដែលមិនអាចឲ្យជនណាម្នាក់ធ្វើរដ្ឋប្រហារ ឬបដិវត្តពណ៌ក្នុងប្រទេសកម្ពុជាបានទេ។
យុទ្ធនាការថ្ងៃច័ន្ទ ពណ៌ខ្មៅ (Black Monday) ចាប់ ផ្ដើមជាលើកដំបូងនេះធ្វើច័ន្ទ ទី៩ ឧសភា ក្នុងបេសកកម្មតែមួយគត់ គឺទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សចំនួន ៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលកំពុងជាប់ឃុំតាមបណ្ដឹងរបស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ចំណែកតាមបណ្ដាញសង្គមហេ្វសប៊ុក (Facebook) ក៏ ឃើញមានអ្នកចូលរួមក្នុងយុទ្ធនាការនេះ តាមរយៈការផ្សព្វផ្សាយសារទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំ ទាំងនោះ ហើយក្រុមអង្គការសង្គមស៊ីវិលផ្ដួចផ្ដើមយុទ្ធនាការនេះ នៅតែបន្តអំពាវនាវឲ្យមន្ត្រីសង្គមស៊ីវិលដទៃទៀត រួមទាំងសាធារណជនទូទៅចូលរួម តាមរយៈការស្លៀកពាក់ពណ៌ខ្មៅនៅរៀងរាល់ថ្ងៃច័ន្ទ រហូតដល់មានការដោះលែងអ្នកជាប់ឃុំទាំង ៥នាក់។
No comments:
Post a Comment