(លោកស្រី មូរ សុខហួរ ក្នុងសន្និសីទសារព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ កាលពីព្រឹកមិញ (រូបថត៖ ញឹម សុខន)
ដោយ៖ ញឹម សុខន | ថ្ងៃអង្គារ ទី22 ខែមេសា ឆ្នាំ2014, ម៉ោង 05:00 PM
បក្សប្រឆាំង នៅថ្ងៃអង្គារនេះ អះអាងថាបក្សកាន់អំណាចកំពុងប្រើវិធានការបង្ក្រាប ទៅលើសេរីភាពបញ្ចេញមតិដោយសន្តិវិធី ក្នុងលក្ខណជាប្រព័ន្ធ ដើម្បីពង្រឹងអំណាច របស់ខ្លួន ខណៈស្ថានការណ៍នយោបាយ កំពុងជាប់គាំង ក្រោយការបោះឆ្នោត។
ប្រតិកម្មនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្តាល របស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញនាថ្ងៃទី២២ខែមេសានេះ។
ម្យ៉ាងវិញទៀត សន្និសីទសារព័ត៌មាននេះ បានធ្វើឡើង បន្ទាប់ពីកម្លាំងអាជ្ញាធរខណ្ឌដូនពេញ បានបង្ក្រាបអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទម្សិលមិញឲ្យ រងរបួសប្រមាណ ១០នាក់ ក្នុងនោះមានទាំង បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រម្នាក់ផងដែរ។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ស្រី មូរ សុខហួរ មានប្រសាសន៍ថា សេរីភាពបញ្ចេញមតិ និងការប្រើប្រាស់ទីលានប្រជាធិបតេយ្យ ត្រូវបានធានាដោយច្បាប់ ប៉ុន្តែលោកស្រីថា ពលរដ្ឋភាគច្រើនដែលប្រើសិទ្ធិនេះ ត្រូវបានសន្តិសុខបង្ក្រាបយ៉ាងចាស់ដៃ ដោយស្ថាប័នពាក់ព័ន្ធ របស់រដ្ឋាភិបាល ដូចជាសាលារាធានី និងក្រសួងមហាផ្ទៃជាដើម ធ្វើមិនដឹងមិនឮ។
តំណាងរាស្ត្រជាប់ឆ្នោតរូបនោះបន្តថា អាជ្ញាធរដែនដីដែលមានតួនាទីថែរក្សាសណ្តាប់ធ្នាប់ជូនពលរដ្ឋ ពេលនេះ បែរជាប្រើអំណាចបញ្ជាឲ្យកម្លាំងសន្តិសុខ វាយបង្ក្រាបពលរដ្ឋដែលប្រើប្រាស់សិទ្ធិបញ្ចេញមតិនេះទៅវិញ «គម្រោងនេះ គឺដើម្បីបំបាក់ស្មារតី ដើម្បីបង្ក្រាបអ្នកឲ្យបញ្ជា ហើយនិយាយតែបង្ក្រាបទៅ វ៉ៃទៅ ទាត់ទៅ ធាក់ទៅ រុញទៅ ច្រានទៅ បោសចេញទៅ ទាំងភាសា ទាំងគំនិត ទាំងឧបករណ៍ គឺដើម្បីតែម្យ៉ាងទេ ដើម្បីរក្សាអ្វីដែលជាអំណាចរបស់ខ្លួន»។
លោកស្រីមូរ សុខហួរ បន្តថា ការបង្ក្រាបដោយហិង្សានោះ ភាគច្រើនមន្ត្រីអាជ្ញាធរមូលដ្ឋានជាអ្នកបញ្ជា ពិសេស អភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ បានបញ្ជាកម្លាំង បង្ក្រាបនៅជិតទីលានកាលពីថ្ងៃចន្ទម្សិលមិញដែលបណ្តាលឲ្យមនុស្សរងរ បួសនោះ ក្នុងនភភាគច្រើនមានរបួសត្រង់ក្បាល ដែលអាចពិការអស់មួយជីវិត ឬអាចបាត់បង់ជីវិតបាន។
លោកស្រី ថា គណបក្សសង្គ្រោះជាតិនឹងដាក់ពាក្យប្តឹងឲ្យស្ថាប័ន ពាក់ព័ន្ធ ព្យួរការងារលោកសុខ ពេញវុធ នឹងជំរុញឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការចម្រុះដើម្បីចាត់វិធានការ ទប់ស្កាត់ ការគំរាមសេរីភាពបញ្ចេញមតិ ក្នុងលក្ខណៈជាប្រព័ន្ធនេះ។
VOD មិនអាចសុំប្រតិកម្មពី អភិបាលរងខណ្ឌដូនពេញ លោក សុខពេញវុធ បានទេ ដោយអ្នកលើកទូរស័ព្ទអះអាងថា លោក សុខ ពេញវុធកំពុងជាប់រវល់ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏មិនអាចទាក់ទងបាន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏មិនអាចទាក់ទងបាន។
ប៉ុន្តែ កន្លងទៅក្រសួងនេះ ធ្លាប់ចេញសេចក្តីណែនាំ ហាមជួបជុំ សម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដោយមិនកំណត់ពេល សំអាងពីហេតុផលសន្តិសុខ សណ្តាប់ធ្នាប់ ខណៈបក្សប្រឆាំងនៅបន្តធ្វើពហិការមិនចូលប្រជុំសភា ប្រឆាំងនឹងលទ្ធិផលបោះឆ្នោត។
មន្ត្រីឃ្លាំមើលការរំលោភ សិទ្ធិមនុស្សនៅអង្គកាលីដូ លោក អំ សំអាត យល់ថា ការផ្តន្ទាទោសមន្ត្រីដែលរំលោភច្បាប់ អាចជាការស្តារមុខមាត់រដ្ឋាភិបាលឡើងវិញ ពីការ រំលោភសិទ្ធិមនុស្ស «ម្សិលមិញ មានមន្ត្រីនគរបាលជាច្រើន ដែលនៅទីនោះ ហើយមិនបានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ទី១ ឃើញកើតមាននូវអំពើហិង្សា យើងមិនបានធ្វើការទប់ស្កាត់ ទី២ នៅពេលដែលមានបទល្មើសជាក់ស្តែង កើតឡើងហើយ យើងឈរមើល ដោយពុំបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីការពារសុវត្ថិភាព និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ នេះវាជារឿងមួយដែលសោកស្តាយ ជាទីបំផុត ហើយបើយើងគេមើលទៅ វាហាក់បីដូចជា មានការរៀបចំជារចនាសម្ព័ន្ធ ដើម្បីបង្កឲ្យមានជាអំពើហិង្សា»។
យ៉ាងណាក៏ដោយ លោកស្រីមួរ សុខហួរ អះអាងថា លោក ស្រីនឹងយកឯកសារបង្ក្រាបនេះ ទៅប្រគល់ឲ្យប្រទេសមហាអំណាចដែលប្រកាន់លិទ្ធិប្រជាធិបតេយ្យ ដូចជាមន្ត្រីស្ថានទូតអាមេរិក និងសហភាពអឺរុប ដើម្បីជួយអន្តរាគមន៍បន្ថែមទៀត ដើម្បីជំរុញឲ្យរដ្ឋាភិបាល ធានាពីសេរីភាពបញ្ចេញមតិឡើងវិញ។ ហើយម្យាងវិញទៀតលោកស្រីក៏នៅតែ ព្យាយាម ទៅកាន់ទីលានប្រជាធិបតេយ្យ បើទោះបីជួបឧបសគ្គយ៉ាងណាក៏ដោយ។
No comments:
Post a Comment