Sunday, February 9, 2014

ថ្ងៃ​១០​កុម្ភៈ សង្គម​ស៊ីវិល សហជីព ហែ​ក្បួន​ដាក់​ញត្តិ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី សភា ទូត​អាមេរិក ចិន សហគមន៍​អឺរ៉ុប​


(ថ្ងៃទី 9 កុម្ភៈ 2014, ម៉ោង 03:28:PM) | ដោយ: មុនីរាជ CEN
ភ្នំពេញ:  ក្រុម​អង្គការក្រៅរដ្ឋាភិបាល សហ​ព​ន្ធ័​សហជីព កម្មករ កម្មការិនី ប្រជាពលរដ្ឋ​សហគមន៍​ដីធ្លី រួមទាំង​ព្រះសង្ឃ ចំនួន​ប្រមាណ​ជាង​៣០០​នាក់ នឹងធ្វើ​ការដើរ​ហែ​ក្បួន​ដាក់​ញត្តិ​តាម​ស្ថាប័ន​រាជរដ្ឋាភិបាល និង​បណ្តា​ស្ថានទូត​មួយចំនួន​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្វែងរក​ការអន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​ជន​២១​នាក់ ដែល​កំពុងតែ​ជាប់​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្តកំពង់ចាម និង​ជម្រុញ​ឲ្យ​មាន​ការចរចា​ឡើងវិញ​ក្នុង​ការដំឡើង​ប្រាក់ខែ​ដល់ក​ម្មករ រួមទាំង​បញ្ហា​មួយចំនួនទៀត​។​
​នៅក្នុង​ការដើរ​ហែ​ក្បួន​ដាក់​ញត្តិ​នេះ និង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៤​គឺ​មួយ​ថ្ងៃមុន​សាលាឧទ្ធរណ៍​បើកសវនាការ ជំនុំជម្រះ លើ​ការស្នើសុំ​នៅក្រៅ​ឃុំ​របស់​ជនសង្ស័យ​២១​នាក់ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៤ ខាងមុខនេះ​។​
តាម​កម្មវិធី​របស់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល សហ​ព​ន្ធ័​សហជីព ដែល​នឹង​ដើរ​ដាក់​ញត្តិ​តាម​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ស្ថានទូត​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៤ ក្រុម​ន្ត្រី​អង្គការក្រៅរដ្ឋាភិបាល សហ​ព​ន្ធ័​សហជីព កម្មករ កម្មការិនី ប្រជាពលរដ្ឋ​សហគមន៍​ដីធ្លី រួមទាំង​ព្រះសង្ឃ ចំនួន​ប្រមាណ​ជាង​៣០០​នាក់  នឹងធ្វើ​ការជួប​ជុំគ្នា​នៅ​ព្រះអង្គ​ដង​កើ រួច​បំបែក​គ្នា​ជា​ក្រុម​ដើរ​ដាក់​ញត្តិ​ស្វែងរក​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​ជន​ទាំង​២១​នាក់ មានដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋសភា ស្ថានទូត​សហរដ្ឋអាមេរិក ចិន និង​សហគមន៍​អឺរ៉ុប​។​

​ខ្លឹមសារ​ញ្ញត្តិ​មាន​ចំនួន​៧​ចំណុច មានដូចជាៈ​
១.​ស្នើ​ឲ្យ​ខាង​ក្រុមហ៊ុន ក៏ដូចជា​ខាង​រដ្ឋាភិបាល ត្រូវ​ដោះលែង​អ្នក​ទាំង​២៣​នាក់ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។
២.​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​បន្តធ្វើ​ការចរចា​ពិភាក្សាគ្នា​ឡើងវិញ​អំពី​ការទាមទារ​ដំឡើង​ប្រាក់ខែ​១៦០​ដុល្លារ​ក្នុង​មួយខែ​។
៣.​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន ត្រូវ​រក​ជនល្មើស​ដែល​បាន​បាញ់​កម្មករ​ឲ្យ​របួស និង​ស្លាប់ នៅ​ផ្លូវ​វ៉េងស្រេង និង​ការប្រើ​អំពើហិង្សា​នៅ​រោងចក្រ យ៉ាក ជីន និង​សងជំងឺចិត្ត​ទៅតាម​ផ្លូវច្បាប់​។
៤.​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន ត្រូវ​ដក​ពាក្យបណ្តឹង​ទាំងអស់​ដែល​បាន​ប្តឹង​មេដឹកនាំ​សហជីព ឬក៏​ត្រៀម​ប្តឹង​មក​មេដឹកនាំ​សហជីព​។
៥.​ដក​ចោល​នូវ​ការដាក់​បំរាម​គោល​ចរ​ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំគ្នា​នៅក្នុង​រាជធានី​ភ្នំពេញ ឬក៏​តាម​ទីកន្លែង​ផ្សេងៗ​។
៦.​ស្នើ​ឲ្យ​កម្មករ​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ឲ្យ​ចូលធ្វើការ​វិញ​។
៧.​ឲ្យ​ខាង​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​ដែល​បាន​កាត់លុយ​កម្មករ​។​
​សម្រាប​ថា ជនសង្ស័យ​២​នាក់​ឈ្មោះ ប៊ូ សារិទ្ធ ហៅ​ទ្រី អាយុ ២៩ ឆ្នាំ និង យោន ជា ហៅ​ចាន់ អាយុ​១៧ ឆ្នាំ ក្នុងចំណោម​២៣​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​។ ហើយ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ អ្នក​ទាំងពីរ​ត្រូវបាន​ខាង​ពន្ធនាគារ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ហើយ​។​
​សូម​រម្លឹកថា ជនសង្ស័យ​ទាំង​២៣​នាក់​(២​នាក់​ដោះលែង​) ដែលមាន​ក្រុម​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដិ​ធ្លី​និង​កម្មករ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន នៅ​កន្លែង​ផ្សេងៗ​ពីគ្នា គឺ​ក្រុម​លោក​វន់ ពៅ រួមទាំង​កម្មករ​សរុប​ទាំងអស់​១០​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​រោងចក្រ យ៉ាក ជីន ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​កំបូល កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ និង​១៣​នាក់​ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ ក្នុងអំឡុងពេល​តវ៉ា​ឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​។
​អ្នក​ទាំង​២៣​នាក់ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្តកំពង់ចាម​៕ C/c

No comments: